ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ជួបពិភាក្សាការងារ ជាមួយលោកស្រី បណ្ឌិត Katya Burns ប្រធានក្រុមនៃអ្នកជំនាញអន្តរជាតិ ទទួលបន្ទុកវាយតំលៃរួមគ្នាលើវឌ្ឍនភាពរបស់វិស័យសុខាភិបាលក្នុង ការបង្ការការចម្លងមេរោគអេដស៍ និងការឆ្លើយតបទៅនឹងជំងឺអេដស៍

នាថ្ងៃព្រហស្បតិ៍ ៤ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០១៩ នៅអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានជួបពិភាក្សាការងារ ជាមួយលោកស្រីបណ្ឌិត Katya Burns ប្រធានក្រុមនៃអ្នកជំនាញអន្តរជាតិ ទទួលបន្ទុក​វាយតំលៃ​រួមគ្នាលើវឌ្ឍនភាព​នៃការការឆ្លើយតប​របស់វិស័យ​សុខាភិបាល​ទៅនឹង​ជំងឺអេដស៍ ។
ឯកឧត្តម​ទេសរដ្ឋមន្រ្តី បានមានប្រសាសន៍​ស្វាគមន៍​យ៉ាងកក់ក្តៅ​វត្តមាន និងបេសកកម្ម​របស់ក្រុមការងារ​របស់​លោកស្រីបណ្ឌិត ​ដើម្បីជួយ​អោយការ​ប្រយុទ្ធនឹង​ការឆ្លងរាល​ដាល​នៃមេរោគអេដស៍ និងឆ្លើយតប​ទៅនឹង​ជំងឺអេដស៍ នៅព្រះរាជា​ណាចក្រកម្ពុជា កាន់តែទទួលបាន​លទ្ធផល​ល្អប្រសើរ​ថែមទៀត។
ឯកឧត្តម​ទេសរដ្ឋមន្រ្តី បានជំរាបជូន​លោកស្រីបណ្ឌិត អំពីការគាំទ្រ​នយោបាយ និង ការទំនុក    បំរុងរបស់ សម្តេចអគ្គមហាសេនា​បតីតេជោ នាយករដ្ឋមន្រ្តី ក្នុងការបង្ការ ការត្រួតត្រា​ការឆ្លងរាលដាល​​នៃមេរោគអេដស៍ និងឆ្លើយតប​​ទៅនឹង​​ជំងឺអេដស៍ ដោយទទួលបាន​​ជោគជ័យ​​ជាបន្តបន្ទាប់ និងមាន ការទទួលស្គាល់ពី​អង្គការ​សហប្រជាជាតិ ទៀតផង ។ ចក្ខុវិស័យ ការអ្នកដឹកនាំ និង យន្តការសម្រប សម្រួលពហុវិស័យ របស់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល និងផ្នែក​ពាក់ព័ន្ធ​ផ្សេងទៀត​ទាំងអស់ បាន ចូលរួមចំណែក​ជាចលនាជាតិ​ប្រយុទ្ធទៅនឹង​ការចម្លងរាលដាល​នៃមេរោគអេដស៍ និងឆ្លើយតប​ទៅនឹង​ជំងឺអេដស៍។
ក្នុងខណៈ​ជំនួយពីក្រៅ​ប្រទេស​បានបន្តធ្លាក់ចុះ រាជរដ្ឋាភិបាល​បានបង្កើន​ចំណាយ​ថវិការជាតិ​ជាបន្តបន្ទាប់​ជារៀងរាល់ឆ្នាំ ក្នុងការ​ផ្តល់ការ​ថែទាំ ព្យាបាល​អ្នករស់នៅ​ជាមួយ​មេរោគអេដស៍។ ជាពិសេសថ្មីៗនេះ រាជរដ្ឋាភិបាល​បានចេញ​សេចក្តីណែនាំ ដើម្បីរៀបចំ​យន្តការសម្រប​សម្រួល​នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សមាហរណកម្ម ការបង្ការ​កុំអោយឆ្លងរាលដាល​មេរោគអេដស៍ និងឆ្លើយតបទៅ​នឹងជំងឺអេដស៍ អោយក្លាយទៅ​ជាចរន្តជាតិ ​និងមាន​ប្រសិទ្ធភាព​កាន់តែ​ខ្លាំងឡើង​ថែមទៀត ដើម្បីយើង​អាចឈានទៅ​កាត់ផ្តាច់​ទាំងស្រុង​ការចម្លង​មេរោគអេដស៍ ត្រឹមឆ្នាំ២០២៥ បញ្ឍប់​ការរើសអើង​ជាមួយអ្នករស់នៅ​ជាមួយមេរោគ​អេដស៍ និងកាត់បន្ថយ​មរណភាព​ដោយសារ​ជំងឺអេដស៍។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍​ជូនក្រុមអ្នកជំនាញ​អន្តរជាតិជួយសិក្សា​រកវិធី​អនុវត្តការឆ្លើយតប​របស់វិស័យ​សុខាភិបាល ជាមួយយន្តការគាំទ្រពហុវិស័យ ស្របតាមសេចក្តីណែនាំលេខ២១៣ ស.ជ.ណ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ជាមូលដ្ឋាន។  សេចក្តីណែនាំ​របស់រាជរដ្ឋាភិបាល​បានផ្តោត​ចំបងលើ​ ការ​គាំទ្រ​ពហុវិស័យ​អោយបាន​ខ្លាំងក្លា​ថែមទៀត ក្នុងនោះរួមមាន (១)ជួយផ្តល់ធនធាន និងលទ្ធភាពអោយ​ប្រព័ន្ធរដ្ឋបាល​ឃុំសង្កាត់ រដ្ឋបាលថ្នាក់​ក្រោមជាតិ អាចគ្រប់គ្រង ​ឆ្លើយតប​ទៅនឹងជំងឺ     អេដស៍ កាន់តែមាន​ប្រសិទ្ធភាព​នៅក្នុង​រដ្ឋបាលឃុំ សង្កាត់ (២)ការគាំទ្រ​ពីផ្នែកគាំពារ​សង្គម​សំរាប់​ក្រុមប្រជាពលរដ្ឋ​ងាយរងគ្រោះ​ដោយការ​ចម្លង​មេរោគអេដស៍ (៣)ផ្តល់លទ្ធភាព​ជូនប្រព័ន្ធសុខាភិបាល​មូលដ្ឋាន អាចប្រើប្រាស់ថវិកា និងសមាហរណកម្ម​កិច្ចការ​គាំទ្រចាំបាច់​នានាក្នុងការផ្តល់សេវា​ថែទាំព្យាបាល ​ជូនប្រជាពលរដ្ឋ​ដែលកំពុងរស់នៅ​ជាមួយមេរោគអេដស៍​នៅក្នុងមូលដ្ឋាន (៤) សិក្សាលើធនធាន ថវិកាជាតិ សម្រាប់ប្រយុទ្ធនឹង​ជំងឺអេដស៍ (៥) ការចូលរួម​របស់​សង្គមស៊ីវិល​សំរាប់ជួយ​ដល់​សកម្មភាព​បង្ការ ថែទាំព្យាបាល នៅកំរិត​សហគមន៍​មូលដ្ឋាន ដែលយន្តការ​សម្រាបសម្រួល​របស់រដ្ឋ មិនទាន់អាច​ឆ្លើយតប​បានពេញលេញ ​និងទាន់​ពេលវេលា (៦) លើកំពស់​ការយន្តការ និងប្រសិទ្ធភាព​ផ្គត់ផ្គង់ធនធាន​មនុស្ស ហិរញ្ញវត្ថុ ឱសថ បិរក្ខាបច្ចេកវិទ្យា ព័តមានវិទ្យា​សមស្រប​តាម​តម្រូវការ ។     
    លោកស្រី បណ្ឌិត Katya Burns ប្រធានក្រុមនៃអ្នក​ជំនាញអន្តរជាតិ បានថ្លែង​អំណរគុណយ៉ាង ជ្រាលជ្រៅ​ជូនឯកឧត្តម​ទេសរដ្ឋមន្រ្តី ​និង​សូម​ទទួល​យក​ទាំង​ស្រុង​អនុសាសន៍ របស់​អាជ្ញាធរជាតិ និងសូម​ស្នើសុំពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ទេសរដ្ឋមន្រ្តី និងសហការី​ជំនាញ​របស់​អាជ្ញាធរជាតិ ​បន្ថែម​ទៀត​ក្នុង​ឱកាស​បំពេញ​ការងារ​វាយតំលៃ និងលើកយោបល់​ផ្តល់ជូន​ក្រសួងសុខាភិបាល និង ស្ថាប័នពាក់ព័ន្ធ។